នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កែវ ប៉ុណ្ណារ៉ា ប្រធានសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានដឹកនាំកម្លាំងចំរុះចុះផ្សព្វផ្សាយតាមឧគ្ឃោសនាសព្ទបន្ថែមទៀត ដល់បងប្អូនអាជីវករដែលកំពុងដាក់តាំងលក់សម្ភារៈផ្សេងៗរំលោភលើដីចិញ្ចើមផ្លូវសាធារណៈ ជាពិសេសផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ រហូតដល់ព្រំប្រទល់សង្កាត់ព្រែកលៀប និងបានណែនាំដល់អាជីវករដោយផ្ទាល់ចំនួន ៦០ ទីតាំង តម្រូវឱយបងប្អូនធ្វើការរុះរើសម្ភារៈចេញជាបន្ទាន់ ដោយមិនអនុញ្ញាត

ឱយមានការដាក់តាំងសម្ភារៈលក់ដូរយ៉ាងអនាធិបតេយ្យដូច្នេះទេ ព្រោះធ្វើឱយប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបាត់បង់នូវសោភណភាពក្នុងមូលដ្ឋានខណ្ឌ ក៏ដូចជារាជធានីភ្នំពេញយើងផងដែរ។

សូមបញ្ជាក់ផងដែរថា សាលាខណ្ឌជ្រោយចង្វារធ្លាប់បានចេញសេចក្តីជូនដំណឹងលេខ ២០៥សជណ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ស្តីពីការហាមមិនឱយមានការសាងសង់សំណង់ ឬដាក់តាំងលក់សម្ភារៈទំនិញផ្សេងៗ ដែលរំលោភលើដីចិញ្ចើមផ្លូវសាធារណៈ ជាពិសេសផ្លូវជាតិលេខ៦ ដោយទុករយៈពេល ០១ខែ គិតចាប់ពីថ្ងៃជូនដំណឹង ដើម្បីទុកពេលវេលាជូនបងប្អូនអាជីវករធ្វើការស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ក្នុងករណីបងប្អូនអាជីវករនៅតែមិនអនុវត្តតាមការណែនាំនោះទេ សាលាខណ្ឌនឹងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់សម្ភារៈអ្វីឡើយ៕

 

0
0
0
s2sdefault